ឯកឧត្តម កើត រិទ្ធ ៖ រួមគ្នាប្រែក្លាយការឈឺចាប់ដោយសារការឈ្លានពានពីភាគីថៃ ទៅជាកម្លាំងសាមគ្គីជាតិ ឱ្យរឹងមាំ

បាត់ដំបង ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានជំរុញក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តចុះបំពេញការងារឱ្យបានជិតស្និទកៀកកិតជាមួយប្រជាពលរដ្ឋ ដើម្បីក្ដាប់ពីសំណើសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា រួមគ្នាប្រែក្លាយការឈឺចាប់ដោយសាការឈ្លានពានពីភាគីថៃ ទៅជាកម្លាំងសាមគ្គីជាតិឱ្យរឹងមាំ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធភាពការងារចុះមូលដ្ឋាន ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា ឯកឧត្តម ចង់ឃើញពីតួនាទីដ៏រស់រវើកប្រកបដោយបុរេសកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលនៅកៀកជាមួយប្រជាពលរដ្ឋ ផ្ដួចផ្ដើមគំនិតលើកឡើងពីអ្វីដែលជាតម្រូវការចាំបាច់នៅមូលដ្ឋានរបស់ខ្លួន យកមកពិភាក្សាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅសំដៅធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។

ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា ក្រៅពីការខិតខំប្រឹងប្រែងកសាងសមិទ្ធផល និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ក្រុមការងារ ត្រូវរៀបចំឱ្យមានវេទិកាសាធារណៈដោះស្រាយបញ្ចប់បញ្ហាសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕






























أحدث أقدم