ឯកឧត្តម កើត រិទ្ធ ណែនាំ ៩ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីជំរុញកម្មវិធីនយោបាយ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល

បាត់ដំបង ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំ ៩ចំណុច ទៅកាន់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ គោលនយោបាយ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងខេត្តបាត់ដំបង ដែលរួមមាន៖

ទី១. ត្រូវរួមគ្នាខិតខំផ្សព្វផ្សាយ អប់រំ និងណែនាំ ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាបន្តពង្រឹងសាមគ្គីភាពជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងដោយសន្តិវិធីតាមគ្រប់យន្តការស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងកម្ពុជា-ថៃ។

ទី២. ត្រូវសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមគាំទ្រដល់វិធានការចាំបាច់នានា សំដៅធ្វើឱ្យមានប្រក្រតីភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនដែលរងគ្រោះដោយសារសកម្មភាពឈ្លានពានរបស់ថៃ។

ទី៣. សហការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋានរបស់ខ្លួន។


ទី៤. ត្រូវខិតខំពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរ មន្ទីរ អង្គភាពនានា និងកងកម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ក្នុងការគ្រប់គ្រង ការពារ និងបន្តថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន តាមរយៈការជំរុញការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ជាពិសេសការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទី៥. ត្រូវរួមគ្នាបន្តការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាតមិនឱ្យមានការលូកដៃជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ទី៦. ត្រូវខិតខំកៀរគរធនធាន មធ្យោបាយ សម្ភារៈ ថវិកា និងការចូលរួមពីគ្រប់ប្រភព ក៏ដូចជាការវិនិយោគនានាមកកាន់មូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជួយដល់ការអភិវឌ្ឍមូលដ្ឋាន ការធ្វើពិពិធកម្ម ការកសាងសមិទ្ធផលសង្គមនានានៅមូលដ្ឋាន និងដោះស្រាយឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ទី៧. ត្រូវណែនាំ និងជំរុញដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចតាមមូលដ្ឋាន ឱ្យចូលរួមអនុវត្តកិច្ចការនានាបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងខិតមកដល់នាពេលខាងមុខនេះ។

ទី៨. ត្រូវរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ខិតខំគ្រប់គ្រងសាធារណមតិ តាមរយៈការបំផុសអប់រំប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ រួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃការពិតនានាក្នុងសង្គម។

ទី៩. ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមអភិវឌ្ឍមូលធនមនុស្សនៅតាមមូលដ្ឋាន រាប់ចាប់តាំងពីកម្រិតមតេយ្យសិក្សា និងការជំរុញសកម្មភាពសិក្សាបន្ថែមក្រៅកម្មវិធីសិក្សា ដើម្បីឱ្យក្លាយជាយុវជនសក្តានុពល ដែលជាកម្លាំងជាតិដ៏រឹងមាំ និងជាអ្នកបន្តវេននាពេលអនាគត។

សូមបញ្ជាក់ជូនថា ការថ្លែងណែនាំទាំង ៩ចំណុច ខាងលើ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និង លើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦៕



































Previous Post Next Post