រាជធានីភ្នំពេញ ៖ ខ្យល់កន្ត្រាក់និងកួចបោកបក់ បណ្ដាលឲ្យដើមឈើជាច្រើនដើមបាក់រាបដល់ដីសង្កត់រថយន្តចំនួន២គ្រឿង និងដំបូងផ្ទះជាច្រើនខ្នងបានប៉ើងរងការខូចខាត និងបង្កឲ្យរងរបួសម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅពិភពថ្មីឈូកវ៉ា២ នៅសង្កាត់សំរោងក្រោម និងបុរីពិភពថ្មីឈូកវ៉ា៣ ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមព័ត៌មានឲ្យដឹងថា
នៅវេលាយប់ថ្ងៃកើតហេតុ
បន្ទាប់ពីភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងលាយឡំទៅនឹងខ្យល់កន្ត្រាក់
និងកួចបានបោកបក់យ៉ាងខ្លាំង
បណ្តាលអោយដើមស្វាយជាច្រើនដើមត្រូវខ្យល់កាច់បំបាក់
និងរលើងទាំងឬស ហើយដំបូលផ្ទះនិងសំយ៉ាបច្រើនខ្នង
ប៉ើងរងការខូចខាត ។
តាមព័ត៌មានឱ្យដឹងថា
ផ្លូវលេខ១០,១២,១៤,និង១៦
ត្រូវបានខ្យល់បោកបក់ខ្លាំងបណ្ដាលឲ្យដើមស្វាយ
បាក់រាបនិងដំបូលផ្ទះប៉ើងរប៉ាត់រប៉ាយ ។ ទោះបីជាយ៉ាងណា
គេពុំដឹងពីទំហំនៃការខូចខាតឡើយដោយដំបូលផ្ទះសំយាប
និងទ្វារកញ្ចក់មួយចំនួនបានរងការខូចខាត។

តាមព័ត៌មានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍នោះដែរ បណ្ដាលឲ្យដើមស្វាយ រលំសង្កត់រថយន្តចំនួន២គ្រឿង រងការខូចខាតហើយទូរទឹកកក១គ្រឿង បានប៉ើងត្រូវស្ត្រីម្នាក់ឈ្មោះ ទឹម ស្រីឡាត់ អាយុ៥០ឆ្នាំ មុខរបរលក់ដូរមានផ្ទះលេខ១៩ ផ្លូវលេខ១២ បុរីពិភពថ្មីឈូកវ៉ា២ បានរងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។តាមសន្តិសុខបុរីពិភពថ្មីឈូកវ៉ា២បានឲ្យដឹងថា ដើមស្វាយមិនតិចជាង៥០ដើមនោះទេ ត្រូវខ្យល់បោកបក់កាច់បំបាក់ និងរលើងទាំងឬស ។

ដោយឡែក នៅវេលាយប់នោះដែរ ម៉ោងដំណាលគ្នាដែរ ខ្យល់កន្ត្រាក់បានបោកបក់ត្រូវបុរីពិភពថ្មីឈូកវ៉ា៣ ដែលស្ថិតនៅចង្កាត់កាកាបទី២ បណ្ដាលឲ្យដើមស្វាយចំនួន៤ដើមនិងដើមមៀនមួយដើម បានបាក់រាបដល់ដី និងបណ្ដាឲ្យដំបូលផ្ទះលក់គ្រឿងសំណង់មួយខ្នងត្រូវខ្យល់កន្ត្រាក់វាយប៉ើង និងបាក់ឡាវតឿរងការខូចខាត។ ទោះបីជាយ៉ាងណា ពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ ៕


