ស្របតាមគោលនយោបាយដឹកនាំប្រកបដោយឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិស័យសុខាភិបាល និងក្រោមការដឹកនាំតម្រង់ទិសពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជួបសំណេះសំណាល ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ១៥០០នាក់ នៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ បានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិនកម្ពុជា។ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាអាទិភាពចម្បង ហើយការចុះមកដោយផ្ទាល់របស់ក្រុមការងារ នាពេលនេះ គឺជាការរួមចំណែកធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសចាស់ជរា និងអ្នកមានជីវភាពខ្វះខាត អាចទទួលបានសេវាសុខាភិបាល ប្រកបដោយគុណភាព និងសមធម៌ បន្ថែមលើសេវាមូលដ្ឋានរបស់រដ្ឋ។
ឯកឧត្តមបណ្ឌិត ក្នុងនាមរដ្ឋបាលស្រុកបាភ្នំ និងប្រជាពលរដ្ឋទូទាំងឃុំរោងដំរី បានសម្ដែងនូវសេចក្ដីត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិនកម្ពុជា ដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន មកជួយពិនិត្យព្យាបាល និងចែកអំណោយជូនប្រជាពលរដ្ឋ ដោយបានចាត់ទុកទឹកចិត្តសប្បុរសធម៌របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ថាជាសក្ខីភាពនៃចំណងមិត្តភាព និងការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា៕

.jpg)
.jpg)
















