សម្តេចតេជោ ហ៊ុន សែន ៖ ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន


ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារសួរសុខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធជាមួយពួកចោរឈ្លានពានទឹកដី។

ជាមួយគ្នានេះ សម្តេចតេជោ ក៏ចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈ ថវិកា តាមរយៈរាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន ដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។

ក្នុងសំណេរដដែល សម្តេចតេជោ ក៏បានលើកឡើងពីការសំណូមពររបស់យុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុក ល្អជាងជួយជាមី។ សម្តេច បន្តថា ខ្ញុំយល់ថាសំណូមពរនេះ សមហេតុសមផល តែខ្ញុំយល់ថា ការផ្តល់ជាមី នៅតែបន្តជាមួយនឹងការផ្តល់អំបុកបន្ថែម។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ស្រូវថ្មីកំពុងច្រូតកាត់ សូមបងប្អូនសប្បុរសជន ជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុក ពីប្រជាជន យកទៅចែកជូនកងទ័ព ឬជនភៀសសឹក។ សម្តេច បានបន្តថា សម្រាប់ការវេចខ្ចប់ គួរធ្វើត្រឹមមួកញ្ចប់ ១គីឡូ ឬ ២គីឡូ សម្រាប់យុទ្ធជនម្នាក់ៗ យកតាមខ្លួន។ ប្រសិនដាក់ជាបាវ ឬការ៉ុង លំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ ជាចុងបញ្ចប់នៃសំណេរ សម្តេចតេជោ បានរំលេចថា “ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន”៕









Powered by Blogger.