អភិបាលខេត្តព្រៃវែង ប្រគល់ផ្ទះមួយខ្នងដល់វីរកងទ័ពជួរមុខ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ព្រៃវែង)៖ ដោយទទួលបានប្រសាសន៍ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសាងសង់ និងប្រគល់ផ្ទះ១ខ្នង ជូនវីរកងទ័ពជួរមុខ។

ផ្ទះនេះ ធ្វើអំពីបេតុងទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារលោកអនុសេនីយ៍ត្រី គឹម សារី ដែលបម្រើការងារនៅកងពលលេខ៩ ខេត្តព្រះវិហារ និងជាស្វាមីរបស់សពស្ត្រីមានផ្ទៃពោះ ទទួលមរណៈភាពកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានថ្លែងថា ដោយបានការយកចិត្តទុកដាកខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានសាងសង់ផ្ទះអំពីបេតុង ទំហំ ៥ម៉ែត្រ គុណ ១១ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រកសង្ក័សី សាងសង់រយៈពេល២ខែ គិតចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។

ក្រៅពីផ្ទះ១ខ្នងខាងលើ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក៏បាននាំយកនូវអំណោយជាសម្ភារមួយចំនួនរួមមាន អង្គរ៥០គីឡូក្រាម, ឃីត១កញ្ចប់, មីគុយទាវក្រៀម២កេស, ត្រីខ២យួរ និងថវិកាចំនួន៥០០,០០០រៀល។

ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារខាងលើ ក្នុងនាមលោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នឹងឧបត្ថម្ភកង់អគ្គីសនី ចំនួន២គ្រឿងបន្ថែមទៀត ជូនដល់កូនៗរបស់លោកដើម្បីជាមធ្យោបាយធ្វើដំណើរទៅមកប្រចាំថ្ងៃ ក្នុងការរៀនសូត្រផងដែរ។

សូមបញ្ជាក់ថា ពិធីនេះក៏មានការចូលរួមពីលោក អនុប្រធានសាខា គណៈកម្មាធិការខេត្ត ក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត សាខាមន្ទីរ អង្គភាពជុំវិញខេត្ត អនុសាខាស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋសរុបចំនួនប្រមាណ១០៥រូប៕


Powered by Blogger.