(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាល អភិបាលខេត្តព្រះវិហារ បានថ្លែងគោរពអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាគ្រឿងចក្រ (អិចខ្នាតតូច) ចំនួន៤គ្រឿង សម្រាប់បម្រើការងារជីកលេណដ្ឋានជូនប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត។
ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីចំនួន ០១ ខ្នង ០៤បន្ទប់ នៃសាលាបឋមសិក្សា «តេជោភ្នំដងរែក» ស្ថិតក្នុងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សប្បុរសជន ជនជាតិឥណ្ឌូណេស៊ី និងម៉ាឡេស៊ី តាមរយៈ លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ និងក្រុមគ្រួសារ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក គីម រិទ្ធី បានថ្លែងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងមានការព្រួយបារម្ភណាស់ចំពោះសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមព្រំដែន ក្នុងស្រុកជាំក្សាន្ត សម្តេចលោកបានសួរខ្ញុំថា តើបងប្អូនប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត មានជីកលេណដ្ឋានតាមផ្ទះសម្រាប់ការពារខ្លួនហើយ ឬនៅ? លោកថាបើទោះជាសង្គ្រាមមិនកើតឡើងក៏ដោយ ហើយយើងក៏មិនចង់បានសង្គ្រាមក៏ពិតមែន តែយើងត្រូវធ្វើលេណដ្ឋានមួយចាត់ទុកជាអាវក្រោះសម្រេាប់ការពារក្នុងករណីចាំបាច់ផងដែរ»។
លោកអភិបាលខេត្តព្រះវិហារថា ដើម្បីសម្រាលការចំណាយក្នុងការជីកលេណដ្ឋានរបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងចក្រ (អិច ខ្នាតតូច) ចំនួន៤គ្រឿង រដ្ឋបាលខេត្តឧបត្ថម្ភតង់កៅស៊ូ និងប្រេងសម្រាប់ចាក់គ្រឿងចក្រ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជួយតៃកុងបើកគ្រឿងចក្រសម្រាប់ដំណើរការជីក ដោយឡែកប្រជាពលរដ្ឋចេញឈើក្រាក់ ហើយអាជ្ញាធរស្រុក មានភារកិច្ចចុះពិនិត្យ និងសម្រួលជូនប្រជាពលរដ្ឋលើដំណើរការជីកលេណដ្ឋាននេះ។
ពាក់ព័ន្ធនឹងសភាពការណ៍តាមព្រំដែនសព្វថ្ងៃ លោក គីម រិទ្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿតាមហ្វេកប៊ុកពេក ព័ត៌មានតាមបណ្តាញសង្គមខ្លះជាប្រភេទព័ត៌មានបំភិតបំភ័យ ព័ត៌មានចាស់ ដូច្នេះកុំសូវជឿពេក ត្រូវស្តាប់តាមមេបញ្ជាការសមូរភូមិ អាជ្ញាធរដែនដី ពិសេសព័ត៌មានផ្លូវការពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីព្រឹត្តិការណ៍ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ និងក្រុមគ្រួសារ ដែលបានគៀងគរសប្បុរសជន ជនជាតិឥណ្ឌូណេសុី ជនជាតិម៉ាឡេសុី ផ្តួចផ្តួមសាងសង់សាលារៀននេះឡើង ក៏ដូចជាសិមិទ្ធិផលផ្សេងទៀតនៅក្នុងសាលា ដើម្បីលើកស្ទួយវិស័យអប់រំនៅកម្ពុជារបស់យើង។ លោកក៏ថ្លែងអំណរគុណដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ដែលបានសហការជួយសម្រួលក្នុងការសាងសង់សាលារៀននេះ ជាមួយនឹងការចែកកង់ដល់សិស្សដែលមានជីវភាពខ្វះខាត ចែកអំណោយដល់ប្រជាពលរដ្ឋ និងបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សាលារៀននេះចាប់ពីពេលនេះតទៅ៕







