លោក ហ៊ុន សុរិទ្ធី ៖ នឹងទទួលទោសទណ្ឌនិងផាកពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះម្ចាស់ទីតាំងជួលណា ព្រងើយកន្តើយមិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេស ដែលមកជួលស្នាក់នៅទេ

ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា៖ ម្ចាស់ទីតាំងជួលនានា«បើព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ»។ ការលើកឡើងរបស់លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ខណៈលោក និងលោក ឆាយ វីរៈ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ហ៊ុន សុរិទ្ធី បានថ្លែងថា គ្រប់ម្ចាស់ទីតាំងដែលត្រូវជួលឱ្យជនបរទេស ស្នាក់នៅត្រូវតែពង្រឹងលើការគ្រប់គ្រង ដើម្បីសន្តិសុខនិងសុវត្ថិភាពសង្គម។ លោក បន្តថា ការស្នាក់នៅរបស់ជនបរទេសទាំងអស់ ត្រូវមានលិខិតស្នាមបញ្ជាក់ឱ្យបានត្រឹមត្រូវ។ ចំពោះអ្នកណាម្នាក់ត្រូវជាសាច់ញាតិដែលចង់មកលេងក៏ត្រូវទាមទារលិខិតឱ្យបានច្បាស់លាស់ផងដែរ។ លោកអភិបាលរង បញ្ជាក់ថា ធ្វើយ៉ាងណាត្រូវតែអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បំផុត។

  

ថ្លែងក្នុងឱកាសនោះដែរ លោក ហ៊ុន សុរិទ្ធី បន្ថែមថា ប្រសិនបើមានការធ្វេសប្រហែសលើការគ្រប់គ្រងជនបរទេស បង្កឱ្យមានបញ្ហា នឹងត្រូវទទួលទោសទណ្ឌ និងផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ព្រោះបើឈានដល់ដំណាក់កាលនេះហើយ មិនមែនត្រូវអប់រំណែនាំទៀតទេ ត្រូវតែប្រឈមនឹងមុខច្បាប់ហើយ។

លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់បន្តថា “អ្វីដែលយើងអនុវត្តនេះ មិនមែនសំដៅដាក់គំនាប គាបសង្កត់ទៅលើម្ចាស់ទីតាំង ឬមួយក៏ម្ចាស់អ្វីផ្សេងទេ។ យើងធ្វើនេះ ក្នុងន័យថា ធ្វើយ៉ាងណាធានាបានថា ទីតាំងរបស់បងប្អូនទាំងអស់គ្នាមិនមានបទល្មើសលួចលាក់នៅក្នុងហ្នឹង”។

ជាមួយគ្នានេះ លោកអភិបាលរង គូសបញ្ជាក់ថា ការឱ្យម្ចាស់ទីតាំងរាយការណ៍អំពីជនបរទេស ស្នាក់នេះ ក្នុងគោលបំណងបញ្ចៀសធ្វើយ៉ាងណាកុំឱ្យពួកគាត់ទទួលរងទុក្ខទោស និងផាកពិន័យ។

សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យ ចំនួន ៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្ម ដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេស ដែលចូលមកកម្ពុជា ដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ ៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕



















أحدث أقدم