ឯកឧត្តម ម៉ៅ ធនិន ណែនាំឱ្យអាជ្ញាធរ បន្តទប់ស្កាត់កុំឱ្យមានលំហូរទំនិញហាមឃាត់ពីប្រទេសថៃ ចូលមកកម្ពុជា

កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពជំនាញ កងកម្លាំង ឱ្យចូលរួមពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់សង្គម ពិសេសរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងគោលបំណងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងខេត្តកំពត កាន់តែច្រើន ជួយលើកកម្ពស់ដល់សេដ្ឋកិច្ចខេត្ត និងប្រជាជន។ 

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពត ចាប់តាំងពីឯកឧត្តម បានចូលមកកាន់តំណែង រហូតមកដល់ពេលនេះ ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗក្នុងមួយឆ្នាំ បានកើនឡើងពី ១៨.០០០ដុល្លា ដល់ជិត ៣.០០០ដូល្លា។ កំណើននេះ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំង ក្នុងអនុវត្តភារកិច្ចតួនាទីរបស់ខ្លួនបានល្អប្រសើរ ពិសេសការចូលរួមអភិវឌ្ឍវិស័យទេសសចរណ៍របស់ខេត្ត ដែលជាកត្តាចម្បងរុញច្រានដល់វិស័យផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើងផងដែរ។ 

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ មន្ត្រីជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ច ទាំងផ្នែកទឹក និងគោក ត្រូវសហការរួមគ្នាបន្តទប់ស្កាត់កុំឱ្យមានលំហូរទំនិញហាមឃាត់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកគោក ឬច្រកទឹក ក្នុងភូមិសាស្ត្រខេត្តកំពត ជាដាច់ខាត ព្រោះវាជាការប្រមាថមួយដល់ក្រុមគ្រួសារ និងវីរកងទ័ពពលី ដែលបានបូជាជីវិតដើម្បីការពារសន្តិភាព និងបូរណភាពទឹកដី។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ការសម្អាតអនាម័យបរិស្ថាន សម្អាតតំបន់ឆ្នេរ និងហាមឃាត់រាល់សកម្មភាពរំលោភបំពានយកដីដៃព្រែក និងរក្សាការពារដីរដ្ឋ ឱ្យបានល្អប្រសើរ។

បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តថា ការរួមគ្នាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើតសមិទ្ធផលទេសចរណ៍ ការរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានល្អប្រសើរ មិនត្រឹមតែជួយលើកកម្ពស់ដល់សេដ្ឋកិច្ចប្រជាជន និងខេត្តប៉ុណ្ណោះទេ តែវាបានបង្ហាញនូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕















Previous Post Next Post