កែប ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នុងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលខេត្តកែប ធ្វើការណែនាំដល់ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក សហការអនុវត្តវិធានការ ៥ចំណុច ដូចខាងក្រោម៖
ទី១. ផ្សព្វផ្សាយមិនអនុញ្ញាតឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះគ្រប់ប្រភេទ និងត្រូវអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានល្អប្រសើរ។ ករណីជនណាមិនអនុវត្តតាម ត្រូវមានវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
ទី២. ត្រូវសហការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងផ្សព្វផ្សាយ ឱ្យមានការប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាច បង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
ទី៣. ត្រូវសហការចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះការចរាចរដោយខុសច្បាប់នូវផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ និងត្រូវត្រួតពិនិត្យដកហូតឱ្យបានទាន់ពេលវេលាករណីរកឃើញ។
ទី៤. ផ្សព្វផ្សាយមិនឱ្យមានការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ទី៥. ត្រូវត្រៀមកម្លាំង រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ ដើម្បីបង្ការឆ្លើយតតសង្គ្រោះបន្ទាន់ ករណីមានហេតុការណ៍គ្រោះថ្នាក់កើតឡើងជាយថាហេតុ៕




.jpg)
