រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំ ១០ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

កំពង់ចាម ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និង សាធារណជនក្នុងខេត្តកំពង់ចាម ១០ចំណុច ដូចខាងក្រោម៖

ទី១. ហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ ដោយគ្មានការអនុញ្ញាត, ហាមមិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហាមមិនឱ្យមានការហែក្បួនផ្សេងៗដែលគ្មានការអនុញ្ញាត។

ទី២. នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាមន្ទីរអង្គភាពជុំវិញខេត្ត សមាគម រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្ត អគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យ ដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ និងរង់ចាំមើលរហូត ភ្លើងផ្សែងរលត់អស់។

ទី៣. មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បី ផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

ទី៤. មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ត្រូវផ្សព្វផ្សាយ និងណែនាំ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខនិងសុវត្ថិភាពជូនភ្ញៀវ និងអនាម័យ ម្ហូបអាហារ ឱ្យបានល្អប្រសើរ។

ទី៥. មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថាន រដ្ឋបាលក្រុង-ស្រុក ត្រូវណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ សម្អាតអនាម័យបរិស្ថាន និងទុកដាក់វិចខ្ចប់សំរាម ធានាបាននូវអនាម័យ-បរិស្ថានស្អាត។

ទី៦. មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ចុះ ណែនាំដល់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយចំណតរថយន្ត និងទប់ស្កាត់បាតុភាពអសកម្ម ក្នុងការ បម្រើសេវាកម្មទេសចរណ៍ មិនអនុញ្ញាតឱ្យដំឡើងថ្លៃសេវាកម្ម ម្ហូបអាហារ និងសំបុត្រ ចូលទស្សនា ដែលនឹងបង្កភាពថ្នាំងថ្នាក់ពីសំណាក់ភ្ញៀវទេសចរណ៍ ដែលអញ្ជើញមក លេងកម្សាន្ត។

ទី៧. រដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយ និងសុវត្ថិភាព និងសម្រួលចរាចរណ៍នៅតាមដងផ្លូវ ពិសេសនៅតាមទីប្រជុំជន ជៀសវាងការកកស្ទះ។

ទី៨. រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ មានប្រសិទ្ធភាព។ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

ទី៩. ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចេញបទបញ្ជា ឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

ទី១០. ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមាន ចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈត្រូវ ទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕







Previous Post Next Post