លោកជំទាវ បាន ស្រីមុំ ជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ច បន្តបង្ក្រាបបទល្មើស Online Scams

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រី មុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្តក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ត្រៀមជានិច្ចដើម្បីបង្ការ ទប់ស្កាត់រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំង ការពារចុះល្បាតតាមទីកន្លែងកំសាន្តនានា និងនៅតាមទីវត្តអារាមក្នុងខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយម្យ៉ាងវិញ ទៀតគ្រប់គោលដៅតាមបណ្តា អធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅ ប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេល។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការរៀបចំផែនការអនុវត្តបន្ត និងជំរុញការផ្សព្វផ្សាយអំពីច្បាប់នៃបទល្មើសឆបោកនេះ ជូនដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការអនុវត្ត និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅតាមតំបន់ទេសចរណ៍នានាទូទាំងខេត្តប៉ៃលិន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ក៏មានការងារធ្វើ មានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារ ចុះជួយពង្រឹងគ្រប់ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យសង្គមជាតិ ទទួលបាននូវសុខសន្តិភាពសុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស។

ជាមួយគ្នានោះ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការបង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើង ក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាល៕













أحدث أقدم