កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវ ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត។

ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបជម្រាបលា។ លោកជំទាវបានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានស្វែងយល់ច្រើនអំពី ប្រជាជន វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវបានជម្រាបជូនសម្តេចធិបតី​ អំពីការសម្រេចបាននូវសមិទ្ធផលនានាក្នុងអាណត្តិការទូតរបស់លោកជំទាវ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ និងវប្បធម៌។ លោកជំទាវក៏បានសង្កត់ធ្ងន់ថា កម្ពុជា និងតួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកជំទាវ Ülkü Kocaefe នៅកម្ពុជា។ សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគីយ៉េ ឱ្យមានភាពរឹងមាំ និងទទួលបានផ្លែផ្កាជាវិជ្ជមាន។ ជាមួយគ្នានេះ សម្ដេចធិបតី បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ អំពីកាលានុវត្តភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលេីវិស័យនានា​ ដែលនឹងចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ 

ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗជាបន្តបន្ទាប់ទៀត៕










أحدث أقدم