អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងធនធានទឹក ប្រជុំពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ ការពារបាក់ស្រុតច្រាំងទន្លេ

កំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម ដឹកនាំដោយឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ បានជួបប្រជុំ​ សិក្សាពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីការពារការបាក់ស្រុតច្រាំងទន្លេ​ ក្នុងក្រុងកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅសាលាខេត្តកំពង់ចាម។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះ បានបណ្តាលឱ្យ ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។

បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាលមកពីទីតាំងនោះស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ២០ម៉ែត្រ ទៅ ៣០ម៉ែត្រ និងម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែល មកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕

















أحدث أقدم