ឯកឧត្តម ឡាំ ជា អញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា នៅក្រុងព្រៃវែង

ព្រៃវែង ៖ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្ដិភាព និងសន្ដិសុខសម្រាប់ស្រ្ដី និងគ្រួសារ» នៅសាលាក្រុងព្រៃវែង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង អភិបាលរងខេត្ដព្រៃវែង ព្រមទាំងសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្រ្ដីរាជការក្នុងមូលដ្ឋានក្រុងព្រៃវែង ជាច្រើនរូប។ 

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី បន្ទាប់ពីលោកស្រី ជឹម ច័ន្ទដាលី អភិបាលរងក្រុងព្រៃវែង បានអានប្រវត្ដិសង្ខេបនៃទិវាអន្តរជាតិនារី រួចមក លោកស្រី ឡុង គន្ធា អភិបាលរងខេត្ដព្រៃវែង ក៏បានអានព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអង្គពិធីទាំងមូលផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ឡាំ ជា ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងលើប្រធានបទឆ្នាំនេះ ដែលជាប្រធានបទសកល និងស្របតាមបរិបទកម្ពុជា ក្នុងការឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនានាដូចជា អស្ថិរភាព ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្ដរាយ ជំងឺរាតត្បាត និងលទ្ធិជ្រុលនិយមដោយហិង្សា ដែលបាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សុវត្ថិភាព សុខុមាលភាព និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ ជាពិសេសស្រ្ដីនិងក្រុមងាយរងគ្រោះ។

ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់ដែរថា ភាពរីកចម្រើនជាបន្តបន្ទាប់របស់ស្រ្ដីកម្ពុជា នាពេលបច្ចុប្បន្ន គឺពិតជាកើតចេញពីម្លប់នៃសុខសន្ដិភាពក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភា រួមផ្សំនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្ដីនៅគ្រប់វិស័យ ជាទិសដៅអាទិភាពនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានរំលេចនូវទិសស្លោកប្រកបដោយគតិបណ្ឌិត ដើម្បីលើកកម្ពស់តម្លៃស្ត្រីបន្ថែមទៀតរួមមាន «ស្រ្ដីជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ» និង «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្ដៅជាងមុន ប្រសិនបើមានស្រី្ដក្លាយជាអ្នកដឹកនាំកាន់តែច្រើន»៕





















أحدث أقدم