ឯកឧត្តម អ៊ុន ចាន់ដា ស្នេីឱ្យ​ពង្រឹងការងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។ ការថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែមីនា ឆ្នាំ​២០២៦​ ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កោ វណ្ណឌី ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុង សូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយក្នុងនោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព​។ 

ឯកឧត្តមអភិបាលខេត្ត​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​តាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស ទំនោរនិងបញ្ហាសង្គមជាកត្តាអូសទាញ ជំរុញ ឬនាំប្រជាពលរដ្ឋទៅរកភាពរងគ្រោះដោយការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព​ ពោលគឺ​ត្រូវ​សហការ​ ដើម្បីប្រមូលព័ត៌មានដែលអាចធានាដល់វិធានការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយជនរងគ្រោះក្នុងករណីឆ្លងដែនទាន់ពេលវេលាផងដែរ​។ 

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បានអំពាវនាវ​សូមឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការចងក្រង និងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដោយគ្មានការអន្តរាគមន៍ និងគ្មានការលើកលែង​ ដោយឡែក​សម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស​ សូមអប់រំកូនក្មួយ និងមិត្តភ័ក្ត្រខ្លួន កុំឱ្យលង់ខ្លួនទៅក្នុងការសេពគ្រឿងញៀនឱ្យសោះ​ ព្រោះថាវាអាចបំផ្លាញអនាគតយើង​៕





















أحدث أقدم