ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ នេះបើយោងតាមផ្លូវការរបស់សម្តេចធិបតី ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ។
ក្នុងផេកដដែល សម្តេចធិបតី បានគូសបញ្ជាក់ថា ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្ស ចំនួន ៦នាក់ ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។
ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ចូលរួមរំលែកមរណទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នា បានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីង ធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ខ្ញុំសូមរំលឹកឡេីងវិញផងដែរ ចំពោះការបេីកបរដោយមិនគោរពច្បាប់ជាពិសេសការបេីកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលេីកលែង ដូចបានអនុវត្តនៅពេលកន្លងមក។
ចុងបញ្ចប់នៃសំណេរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរ នឹងត្រូវធ្វេីដំណេីរទៅស្រុកកំណេីត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

.jpg)


.jpg)


