ឯកឧត្តម ឡាំ ជា ៖ ពិភពលោក នឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន បើមានស្ត្រី ក្លាយជាអ្នកដឹកនាំកាន់តែច្រើន

ភ្នំពេញ ៖ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានរំលេចទិសស្លោកសំខាន់ៗដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រី រួមមាន៖ «ស្ត្រីជាឆ្អឹងខ្នង នៃសង្គម និងសេដ្ឋកិច្ចជាតិ» «ជួយស្ត្រី គឺជួយខ្លួនឯង» និងឆ្លើយតបទៅនឹងទិសស្លោក «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្ដៅជាងមុន ប្រសិនបើមានស្រី្ដក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្ដិភាព និងសន្ដិសុខសម្រាប់ស្រ្ដី និងគ្រួសារ» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងលោក លោកស្រី ជានាយិការងខុទ្ទកាល័យ ប្រធាននាយកដ្ឋាន សមាជិកខុទ្ទកាល័យ មន្រ្ដីរាជការ មន្រ្តីជំនួយការ មន្រ្ដីជាប់កិច្ចសន្យា និងមន្រ្ដីហាត់ការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្តែងការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងលើប្រធានបទឆ្នាំនេះ ដោយគូសបញ្ជាក់ថា ប្រធានបទនេះពិតជាបានបង្ហាញពីមូលដ្ឋានគ្រឹះនៃកិច្ចអភិវឌ្ឍ និងជាកត្ដាចាំបាច់ក្នុងការធានាលើកកម្ពស់ការអនុវត្ដសិទ្ធិមនុស្ស និងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្ដម កីបានសង្កត់ធ្ងន់ថា ភាពរីកចម្រើនជាបន្ដបន្ទាប់របស់ស្រ្ដីកម្ពុជានាពេលបច្ចុប្បន្ន គឺកើតចេញពីម្លប់នៃសុខសន្ដិភាព តាមរយៈការដាក់ចេញនូវ «នយោបាយ ឈ្នះ ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភា រួមផ្សំនឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ ជាទិសដៅអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១៕















أحدث أقدم