ឯកឧត្តម សុខ លូ អញ្ជើញជូនដំណើរយោធិន ដែលទើបជ្រើសរើសថ្មីជាប់ជាស្ថាពរ ត្រូវចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិនថ្មី នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចំនួន ២៦នាក់ ដើម្បីចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដែលពិធីនេះធ្វើឡើងនៅបរិវេណបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកការហ្វឹកហាត់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កងទ័ព ក្នុងការក្រេបយកចំណេះជំនាញ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងបម្រើអង្គភាព។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏បានជំរុញឱ្យយោធិនទាំងអស់ ត្រូវខិតខំហ្វឹកហាត់ឱ្យបានចប់តាមកម្មវិធីរបស់សាលា ដើម្បីយកចំណេះជំនាញនោះមកបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏លើកឡើងពីវិបត្តិប្រេងឡើងថ្លៃ ដែលបញ្ហានេះពិភពលោកទាំងមូល កំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានខិតខំដោះស្រាយជាបន្តបន្ទាប់។

ស្ថិតក្នុងវិបត្តិប្រេងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមកុំទិញប្រេងស្តុកទុកចៀសវាងបណ្តាលឱ្យមានហានិភ័យជាយថាហេតុកើតឡើង និងកុំបារម្ភពីការខ្វះខាតប្រេង ខណៈបច្ចុប្បន្នកម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយ ក្រោមការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចជាថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់យោធិនថ្មីត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់សាលា បទបញ្ជារបស់កងកម្លាំង ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល។

ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងយោធិនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងណែនាំឱ្យចេះរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរស័ព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់ ១០០% រួមគ្នាកំចាត់បញ្ហាគ្រឿងញៀនឱ្យអស់ពីសង្គម៕


































أحدث أقدم