ឯកឧត្តម ឯក មនោសែន ជួបពិភាក្សាការងារជាមួយលោកស្រី ឆេង ឡៃគី ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង

កណ្តាល ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី ឆេង ឡៃគី (Ms. Cheng Lai-Ki) ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងកិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងគណៈប្រតិភូនៃស្នងការដ្ឋាននគរបាលទីក្រុងហុងកុង នៅសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនិងអនុញ្ញាតឱ្យក្រុមការងារជំនាញ ត្រៀមធ្វើបាឋកថា ស្តីពីការបណ្តុះបណ្តាលបច្ចេកទេសលើជំនាញ ចំនួន ២ គឺ៖ ទី១. ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រនិងការគ្រប់គ្រងវិបត្តិ និងទី២. បច្ចេកទេសគ្រប់គ្រងបញ្ហាប្រឈមធ្ងន់ធ្ងរ នៅបណ្ឌិត្យសភានគរបាលកម្បូជា។ 

ក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភា ក៏បានស្នើដល់លោកស្រីស្នងការរង ចំនួន ៣ចំណុច ដែលរួមមាន៖ ទី១. ស្នើសុំជំរុញកិច្ចទំនាក់ទំនងដើម្បីចុះអនុស្សរណៈ(MoU) រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង ទី២. ស្នើសុំឧបត្ថម្ភគាំទ្រក្នុងការបញ្ជូនគ្រូ ១រូប ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញ «បញ្ជាដឹកនាំកម្រិតខ្ពស់» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤-១៥ ខែឧសភា ឆ្នាំ២០២៦ នៅមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង និងទី៣. ស្នើជួយលើការងារស្រាវជ្រាវ ការងារបណ្តុះបណ្តាលគ្រូ និងបច្ចេកទេសពាក់ព័ន្ធមួយចំនួន។

ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានថ្លែងបញ្ជាក់ជូនគណៈប្រតិភូថា ឯកឧត្តម មានជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការវាងអង្គភាពទាំង២ នឹងកាន់តែមានភាពស៊ីជម្រៅនិងល្អប្រសើរថែមទៀត៕





















أحدث أقدم