កោះកុង ៖ រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ បានចេញសេចក្តីណែនាំ ចំនួន ៥ចំណុច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យជាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ក្នុងភូមិសាស្ត្រខេត្តកោះកុង។
ក្នុងសេចក្តីណែនាំនោះ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត បានពិនិត្យឃើញថា នៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ក្នុងខេត្តកោះកុង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម តែងតែជួបប្រទះនូវឧបទ្ទវហេតុ បណ្តាលឱ្យមានគ្រោះអគ្គិភ័យ និងបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយ។ ដើម្បីទប់ស្កាត់ឱ្យបានរាល់ទង្វើខុសឆ្គង និងសកម្មភាពធ្វេសប្រហែស ខាងលើនេះ និងធានាបាននូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងគោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាព រដ្ឋបាលខេត្តកោះកុង សម្រេចដាក់ចេញវិធានការ និងធ្វើការណែនាំ ដូចខាងក្រោម៖
ទី១. ហាមដុតផាវ និងកាំជ្រួចគ្រប់ប្រភទ ដែលជាប្រភពដើមនៃអគ្គិភ័យ និងធ្វើឱ្យរំខានអ្នកដទៃ ព្រមទាំងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គមផងដែរ។
ទី២. ត្រូវចាត់វិធានការឱ្យមានការប្រុងប្រយ័ត្ន ក្នុងការបង្ការនូវគ្រោះអគ្គិភ័យ ដែលអាចកើតឡើង ជាយថាហេតុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមនេះ ជាពិសេសត្រូវចេះប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចង្កៀងប្រេង ការតបណ្តាញចរន្តអគ្គិសនី។ល។
ទី៣. អភិបាលក្រុង ស្រុក ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងបង្ក្រាបទប់ស្កាត់នូវរាល់សកម្មភាពខាងលើនេះ ចៀសវាងគ្រោះមហន្តរាយដល់អាយុជីវិត ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រូវអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ។
ទី៤. ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចាត់កម្លាំងល្បាត ត្រួតពិនិត្យរាល់សកម្មភាពល្មើសចាប់ពីទទួលបានសេចក្តីណែនាំនេះ ឱ្យបានម៉ឺងម៉ាត់បំផុត។
ទី៥. ករណីរឹងរូសមិនអនុវត្តតាមសេចក្តីណែនាំនេះ អ្នកប្រព្រឹត្តត្រូវផ្តន្ទាទោសតាមគោលការណ៍ច្បាប់ ជាធរមាន៕
អត្ថបទ ៖ អៀម វ៉ៃ


