រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់សាលាពេទ្យបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ឆ្លើយតបតាមតម្រូវការថែទាំ និងព្យាបាលប្រជាពលរដ្ឋ និងលើកទឹកចិត្តដល់និស្សិត ប្រឹងប្រែងរៀនសូត្រកុំចាត់ទុកការលំបាកជាបន្ទុក
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់សាកលវិទ្យាល័យបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីសិក្សានៅគ្រប់កម្រិត ពិសេសបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងសមស្រប តាមតម្រូវការថែទាំ និងព្យាបាលប្រជាពលរដ្ឋនៅប្រទេសកម្ពុជាយើង។
សម្រាប់និស្សិត លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកឲ្យខិតខំប្រឹងប្រែងរៀនសូត្រ សូមកុំចាត់ទុកនូវការលំបាកនានាក្នុងកំឡុងពេលសិក្សាជាបន្ទុក ព្រោះនិស្សិតជាចលករ នៃការការពារប្រជាពលរដ្ឋកម្ពុជា ដោយផ្តោតសំខាន់លើសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលត្រូវប្រឈមនឹងបញ្ហាដែលអាចកើតមានរៀងរាល់ថ្ងៃស្អែក និងពុះពារបញ្ហាប្រឈម ដើម្បីអនាគតនៃសុខាភិបាលកម្ពុជាយើង។
លោកសាស្ត្រាចារ្យបានថ្លែងបន្តទៀតថា ថ្ងៃនេះ គឺជាថ្ងៃទីមួយនៃឆ្នាំសិក្សាសាកលវិទ្យាល័យ ដែលនេះមិនមែនគ្រាន់តែជាថ្ងៃចាប់ផ្តើមរៀននូវមេរៀនទាំងឡាយនោះទេ គឺពិតជាថ្ងៃនៃការចាប់ផ្តើមបោះជំហាននាំ ភាពប្រសើរឡើង សម្រាប់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
«ដូច្នេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្នើឲ្យដល់សាកលវិទ្យាល័យ ក៏ដូចជានិស្សិតពេទ្យទាំងអស់រួមគ្នាជួយលើកស្ទួយវិស័យសុខាភិបាល ហើយក្រសួងសុខាភិបាលក៏នៅជាមួយនិច្ច ពិសេសអនុវត្តការកែទម្រង់ និងការកែលម្អប្រព័ន្ធសុខាភិបាលជាបន្តបន្ទាប់ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងឲ្យទទួលបានសុខភាពល្អ និងជីវភាពប្រសើរ តាមរយៈការកាត់បន្ថយការចំណាយថវិកាលើបញ្ហាសុខភាព»។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្សជាអាទិភាពចម្បងបំផុត។
ជាមួយគ្នានេះលោកសាស្រ្តាចារ្យវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលបណ្តុះបណ្តាលដែលសម្រេចបាន និងភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ លោកសាស្រ្តាចារ្យ បានអំពាវនាវដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង ទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ សូមបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «សម្រាប់អនាគតរួម គឺធ្វើឱ្យកម្ពុជា មានសុខភាពល្អប្រសើរឡើង ដោយត្រូវឈរផ្អែកលើភាពរឹងមាំ ទាំងមនុស្ស ទាំងប្រព័ន្ធ និងឈរលើចំណេះដឹង។ បន្ថែមពីនេះ លើឡើងពីសារៈសំខាន់នៃការការពារ ជាកិច្ចការមួយដែលអាចធ្វើទៅបាន ដោយមានការចាត់ចែង ដោយធ្វើការស្រាវជ្រាវព័ត៌មានច្បាស់លាស់។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។
សូមជម្រាបថាក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងនិស្សិត សរុបចំនួន ៥០០នាក់៕





Post a Comment