ឯកឧត្តម ទូច វិសាលសុខ ៖ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ផ្តល់អទិភាពខ្ពស់ និងគាំទ្រឧបត្ថម្ភដល់ការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងពន្ធនាគារ

កណ្តាល ៖ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ ព្រមទាំងគាំទ្រឧបត្ថម្ភដល់ការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ដោយការលើកទឹកចិត្តតាមរូបភាពផ្សេងៗ ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងបំពាក់សម្ភារៈស្របតាមតម្រូវការ។ ហេតុនេះ ក្នុងយុគសម័យដែលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កំពុងរីកចម្រើនយ៉ាងលឿននិងក្នុងបរិបទសាកលភាវូបនីយកម្ម ក្រសួងមហាផ្ទៃ បានកំណត់ចក្ខុវិស័យវែងឆ្ងាយនិងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្អែកលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពនិងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់និងមានភាពជឿជាក់ពីប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម សិស្សនគរបាល-ពន្ធនាគារជ័យលាភី សរុប១២វគ្គ ស្មើនឹង ១ ២៤២នាក់ នារី ១៩២នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាល ទាំង១២វគ្គ រួមទាំងសមិទ្ធផលនានាជាច្រើន ពិសេសអំពីកំណែទម្រង់ដែលបណ្ឌិត្យសភា បាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារសំខាន់ៗ ដូចជា៖ ការដឹកនាំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ មន្ទីរពិសោធន៍ សារមន្ទីរ និងការងារឌីជីថល ព្រមទាំងអនុវត្តផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣ ផែនការស្រាវជ្រាវ-មន្ទីរពិសោធន៍ និងផែនការអភិវឌ្ឍធនធានគ្រូ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ការបំពាក់ឧបករណ៍ សម្ភារៈ ការកែលម្អសោភណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្តង់ដារគុណភាព លើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយអភិវឌ្ឍបណ្ឌិត្យសភា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានទទួលស្គាល់ថា ក្រោមស្មារតីកែទម្រង់ ទស្សនៈទំនើបកម្មនិយម គំនិតច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់ បណ្ឌិត្យសភា បានបន្តបង្កើតស្នាដៃ សមិទ្ធផលថ្មីៗ និងមានវឌ្ឍនភាព ជាបន្តបន្ទាប់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលប្រកបដោយគុណភាពនិងស្តង់ដារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់និងលើឆាកអន្តរជាតិផងដែរ។ ស្នាដៃទាំងនេះ គឺជាគ្រឹះសម្រាប់កសាងកម្លាំងនគរបាលជាតិ ដែលមានវិជ្ជាជីវៈខ្ពស់ សុចរិតភាព ស្មារតី បម្រើប្រជាពលរដ្ឋ និងភាពស្មោះត្រង់ចំពោះជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ ក៏សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងយោធពលខេមរភូមិន្ទ និងវីរនគរបាលជាតិ ដែលបាននិងកំពុងឈរជើងជាប្រចាំនៅសមរភូមិមុខនៃព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដីខ្មែរ និងបានថ្លែងកោតសរសើរដល់ប្អូនៗជាសិក្ខាកាមនិងសិស្សនគរបាល-ពន្ធនាគារជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕




































Previous Post Next Post