ព្រះឥសូររាំដ៏ធំជាងគេនៅកម្ពុជា បានចាប់កំណើតឡើងវិញហើយ នៅខេត្តសៀមរាប

សៀមរាប ៖ ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់ ៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោន និងមានការបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែក មកពីកោះកេរ្ដិ៍ ចាប់កំណើតឡើងវិញហើយ ក្រោយជួសជុលរួចរាល់ និងត្រូវបានរៀបចំអបអរសាទរក្រោមអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការជួសជុលដោយជោគជ័យ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប។

ប្រតិមាព្រះឥសូរដ៏ធំមួយនេះ ត្រូវប្រើពេលជួសជុល អស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ ៥ ព្រះហស្ថ ១០ និងទម្ងន់ប្រមាណ ៧តោន។ ប្រិតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ បច្ចុប្បន្នប្រតិមានេះ ត្រូវបានតម្កល់នៅអភិរក្សដ្ឋានអង្គរ ជាបណ្ដោះអាសន្នសិន។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងដោយក្តីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងប្រតិមាព្រះឥសូរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះ មកល្អឡើងវិញ។ លោកជំទាវសង្ឃឹមថា រូបបដិមាដ៏ធំនេះ នឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរ និងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍ កាន់តែច្រើនឡើងជាលំដាប់៕ 














Previous Post Next Post