ឯកឧត្តម ប៉េង ពោធិ៍សា ផ្តល់អនុសាសន៍ ៤ចំណុច ទៅកាន់អ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង

ស្វាយរៀង ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានផ្តល់អនុសាសន៍ ៤ចំណុច ទៅកាន់អ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង។ 

អនុសាសន៍ទាំង ៤ចំណុច ដែលឯកឧត្តមអភិបាលខេត្តស្វាយរៀង ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង នាឱកាសនោះរួមមាន៖ 

ទី១. សូមកុំភ្លេចថ្នាក់ថ្នមព័ត៌មាន ការពារកុំឱ្យវាក្លាយទៅជាពិសពុល ឬបំពុលមនុស្ស និងបំពុលសភាពការណ៍ ហើយធ្វើយ៉ាងម៉េចឱ្យព័ត៌មានក្លាយទៅជាធនធាន ដែលមានចរិតជាការវិនិយោគ សម្រាប់លើកកម្ពស់ធនធានមនុស្សទៅវិញ។ យកព័ត៌មានបម្រើឱ្យការត្រិះរិះពិចារណាលើកកម្ពស់តម្លៃខាងសីលធម៌ តម្លៃខាងវិជ្ជាជីវៈ ឬតម្លៃផ្សេងៗទៀត ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ការកសាងលទ្ធិប្រជាធិបតេយ្យដ៏បរិសុទ្ធនៅកម្ពុជា និងធ្វើឱ្យសិទ្ធិនៃការបញ្ចេញមតិ គឺជាសេរីភាពនៃការបញ្ចេញមតិដ៏ពិតប្រាកដ។

ទី២. សូមយល់ឱ្យច្បាស់អំពីកាតព្វកិច្ចរបស់អ្នកសារព័ត៌មាននៅក្នុងរបបប្រជាធិបតេយ្យ ៖ អ្នកអាន អ្នកស្តាប់ អ្នកទស្សនា សុទ្ធតែជាប្រជាពលរដ្ឋ ហើយជាអ្នកបោះឆ្នោត ដោយត្រូវធ្វើសេចក្តីសម្រេចចិត្តចុងក្រោយថា តើត្រូវបោះឆ្នោតជូនគណបក្សនយោបាយណាមួយគឺត្រូវពឹងផ្អែកលើព័ត៌មាន ដែលប្រព័ន្ធផ្សព្វផ្សាយបញ្ជូន ឱ្យពួកគាត់ បានដឹងបានយល់សព្វគ្រប់និងគ្រប់ជ្រុងជ្រោយ។ បើមិនដូច្នេះទេ អ្នកបោះឆ្នោត នឹងធ្វើសេចក្តីសម្រេចចិត្តដោយឈរលើមូលដ្ឋាននៃការមិនយល់ដឹង។ នេះជាភារកិច្ចសំខាន់បំផុតរបស់អ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋ។

ទី៣. សូមប្រកាន់ខ្ជាប់វិជ្ជាជីវៈសារព័ត៌មាន បានន័យថា ការសរសេរដំណឹង និងអត្ថបទព័ត៌មាន ត្រូវមានភាពជាក់លាក់ ឬពិតប្រាកដ តុល្យភាពច្បាស់លាស់សេចក្តី ឬមានន័យគ្រប់គ្រាន់ និងងាយយល់ ដោយប្រឹងប្រែងអភិវឌ្ឍន៍ពង្រីកចំណេះដឹងវិជ្ជាជីវៈស្របតាមសម័យទំនើបនៃប្រព័ន្ធបច្ចេកកវិទ្យាព័ត៌មាន។

ទី៤. សូមឱ្យទំព័រមុខ ឬការបើកឆាកដំបូងនៃការផ្សព្វផ្សាយក្លាយជាទំព័រសន្តិភាព ឬការផ្សាយពីការអភិវឌ្ឍពិតរបស់កម្ពុជា ដោយពុំមែនជាទំព័រឃោរឃៅឬការផ្សាយប្រកបដោយភាពខ្មៅងងិតពីកម្ពុជា។

ការផ្តល់អនុសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងពត៌មានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង ដែលប្រារព្ធធ្វើនៅសាលប្រជុំអាគារ ឃ សាលាខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ លោកស្រី​ អភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ តំណាងកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត​ លោកអភិបាលក្រុង ស្រុកទាំង៨ 

លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ខេត្តស្វាយរៀង ព្រមទាំងបងប្អូនអ្នកសារពត៌មានជាច្រើនរូបទៀត៕



























Previous Post Next Post