អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) សម្រេចការសាងសង់បាន ៨៥% ហើយ

កំពង់ចាម​ ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​​) ដែលសម្រេចបានប្រមាណ ៨៥%។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម​ការងារជាង​ ធ្វេីយ៉ាងណា​ត្រូវ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ ប្រកបដោយស្តង់ដារបច្ចេកទេស ជាពិសេស​ត្រូវ​រៀបចំរចនាបទ និងសោភ័ណភាព ព្រមទាំងការកែលម្អនៅចំណុចខ្វះខាតមួយចំនួន ឱ្យ​បាន​ឆាប់​រួចរាល់​​តាមផែនការ។ 

គួរ​បញ្ជាក់ថា អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​) ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តោយជាង​ ៥៣ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងកម្ពស់ ៣ជាន់ ស្ថិតនៅក្នុងបរិវេណសាលាខេត្ត ក្នុង​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕















Previous Post Next Post