ឯកឧត្តម ឯក មនោសែន អញ្ជើញបិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីការរចនាក្រាហ្វិក

កណ្តាល ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី ការរចនាក្រាហ្វិក(Graphic Design) ដែលមានសិក្ខាកាម សរុបចំនួន ៨៦នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ជាដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ មន្ទីរចាត់ការ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស ក្រុមការងារបណ្ឌិត្យសភាឌីជីថល និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំចាត់ចែងឱ្យវគ្គសិក្សានេះ ដំណើរការដោយជោគជ័យ តាំងពីពេលចាប់ផ្ដើមរហូតបញ្ចប់វគ្គ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា បណ្ឌិត្យសភាកំពុងតែមានវឌ្ឍនភាព ដោយដើរស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត  ស សុខា   ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការកសាងមូលធនមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ។ ជាក់ស្តែង វគ្គបណ្ដុះបណ្ដាលនេះ ជាវគ្គដែលឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្របណ្ឌិត្យសភា លើការអភិវឌ្ឍសមត្ថភាពគ្រូនគរបាលជាតិនិងមន្ត្រី នៅតាមបណ្តាអង្គភាពចំណុះបណ្ឌិត្យសភា ឱ្យកាន់តែមានចំណេះ ជំនាញ និងលក្ខណសម្បត្តិសមស្របក្នុងការបំពេញការងារនិងលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវផែនការអភិវឌ្ឍន៍ធនធានមនុស្សនិងកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ថ្លែងបញ្ជាក់ថា ជាការពិតណាស់ ការបណ្ដុះបណ្ដាលបង្កើនចំណេះដឹងនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈ គឺជាការងារដែលត្រូវធ្វើជាប្រចាំ គ្មានទីបញ្ចប់នោះទេ ពោលគឺបុគ្គលម្នាក់ៗត្រូវតែបន្តធ្វើការសិក្សាស្រាវជ្រាវនិងបន្ដការសិក្សាឬបំប៉នជំនាញបន្ថែម ដើម្បីទទួលបានបទពិសោធ ជំនាញ និងចំណេះដឹងថ្មីៗបន្ថែមទៀត ក្នុងគោលដៅពង្រឹងចំណេះដឹងទាំងលើផ្នែកទ្រឹស្តី ជំនាញបច្ចេកទេស អាកប្បកិរិយាល្អ ដើម្បីរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្ដាប់ធ្នាប់សារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ គោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេស ស្របតាមចរន្តសាកលភាវូបនីយកម្ម ដែលកម្ពុជាបានធ្វើសមាហរណកម្មពេញលេញទៅក្នុងសហគមន៍អន្តរជាតិ។ 

ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូបង្ហាត់បង្រៀន ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង ជំនាញ និងបច្ចកទេសល្អៗដល់សិក្ខាកាមទាំងអស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះសិក្ខាកាម ដែលបានខិតខំយកចិត្ដទុកដាក់សិក្សារៀនសូត្រ-ហ្វឹកហាត់ គោរពវិន័យសិក្សាបានល្អ តាំងពីពេលចាប់ផ្ដើមរហូតដល់ពេលបញ្ចប់វគ្គសិក្សា៕






















Previous Post Next Post