សម្តេចធិបតី ៖ ត្រូវដកអាជ្ញាបណ្ណក្រុមហ៊ុនប្រេង បណ្តេញចេញក្របខ័ណ្ឌរដ្ឋ បើពាក់ព័ន្ធការនាំប្រេងពីប្រទេសថៃ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ បានបង្ហោះសារ ដោយបញ្ជាឱ្យដកអាជ្ញាបណ្ណក្រុមហ៊ុនប្រេង បណ្តេញចេញក្របខ័ណ្ឌរដ្ឋ បើពាក់ព័ន្ធការនាំប្រេងពីប្រទេសថៃ។

ខាងក្រោមនេះ គឺជាសារទាំងស្រុងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ៖ 

ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃ ចូលមកលក់នៅកម្ពុជា នៅក្នុងពេលនេះ។ 

ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះ ឱ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ ឱ្យបានតឹងរឹងបំផុត។ 

ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាបណ្ណ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។ 

សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕






Previous Post Next Post