ឯកឧត្តម សុខ លូ ប្រគល់ផ្ទះ ១ខ្នង ជូនដល់ភរិយា និងកូនៗវីរកងទ័ព ជួប ថុន និងផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះ ៦៥គ្រួសារ នៅស្រុកថ្មគោល

បាត់ដំបង ៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាអនុសាខាស្រុកថ្មគោល ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្ត បានប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង លេខរៀងទី២៣ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់អ្នកស្រី ទូច រ័ត្ន អាយុ៤៧ឆ្នាំ ជាភរិយា និងកូនរបស់លោកព្រឹន្ទបាលឯក ជួប ថុន និងសំណេះសំណាល ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ក្នុងនោះគ្រួសារទីទ័លក្រ មានចាស់ជរាគ្មានទីពឹង ជនមានពិការភាព ចំនួន ២២គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៣គ្រួសារ សរុប ៦៥គ្រួសារ មកពីភូមិ ចំនួន ១៥ភូមិ លើឃុំ ចំនួន ៨ នៃស្រុកថ្មគោល ខេត្តបាត់ដំបង។ ពិធីនេះប្រារព្ធធ្វើនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុងថ្មគោល។

លោក តេង គឹមស៊ាន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឱ្យដឹងថា ចំពោះស្ថានភាពរបស់គ្រួសារវីរកងទ័ព ជួប ថុន នៅអង្គភាពវីរសេនាតូចវិស្វកម្មយោធភូមិភាគទី៥ នៅទិសថ្មដា ដែលមានប្រពន្ធឈ្មោះ ទូច រ័ត្ន អាយុ៤៧ឆ្នាំមានកូនប្រុស ចំនួន ១នាក់ មានទីលំនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោលនដែលជាគ្រួសារមានជីវភាពខ្វះខាត មានផ្ទះសមភាពទ្រុធទ្រោម ដំបូលធ្លុះធ្លាយពិបាករស់នៅ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម សុខ លូ ដោយមើលពីការលំបាកក្រខ្សត់ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្ត សាងសង់ផ្ទះជូនលោកស្រី ទូច រ័ត្ន និងកូនៗ បានរស់នៅសមរម្យ នាពេលនេះ។

ក្នុងនាមកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព និងប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម សុខ លូ បានបន្ថែមថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិមាតុភូមិ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន ក៏បានសំណូមពរ និងក្រើនរំលឹកដល់បងប្អូនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀតចំពោះគ្រោះមហន្តរាយដោយធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំង មានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះដើមរដូវវស្សាជិត មកដល់ហើយ។

លោកស្រី ទូច រ័ត្ន និងកូនៗ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថា នឹងមានជម្រកយ៉ាងសមរម្យបែបនេះ និងបានប្តេជ្ញាចិត្តថានឹងថែរក្សាឱ្យបានគង់វង្សយូអង្វែងនិងខិតខំប្រកបមុខរបនិងចិញ្ចឹមបីបាត់ថែរក្សាកូន ឱ្យបានរៀនសូត្រទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២៣ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ មានទំហំ ៤ម៉ែត្រx ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ៕




















Previous Post Next Post