ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យស្នងការរងខេត្តបន្ទាយមានជ័យ នាំកូនមកទទួលខុសត្រូវចំពោះមុខច្បាប់ ឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា

ភ្នំពេញ ៖ តាមរយៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុស ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្ស ចំនួន ៦នាក់ស្លាប់(ទារកក្នុងផ្ទៃម្នាក់) មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជាឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។

តាមរយៈអ្នកនាំពាក្យដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះ ឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថា លោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា៕





Previous Post Next Post