ឯកអគ្គរដ្ឋទូតចិន សន្យាជំរុញនិងលើកទឹកចិត្តវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជា និងខេត្តប៉ៃលិន បន្ថែមទៀត

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពី (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងសិក្សាឈ្វេងយល់អំពីសក្តានុពល ព្រមទាំងស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងអាជ្ញាធរនៃរដ្ឋបាលខេត្តប៉ៃលិន និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិន ក៏ដូចជាប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។

លោកជំទាវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា-ចិន គឺជាមិត្ដប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធពិតប្រាកដនិងទុកចិត្តគ្នាហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានធ្វើឱ្យចំណងមិត្តភាពនេះ ប្រែក្លាយទៅជាមិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ច សហប្រតិបត្តិការរវាងគ្នានិងគ្នា ឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត ហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាលប្រទេសចិន និងប្រជាជនចិន កន្លងមកបានជួយឧត្ថម្ភគាំទ្រលើវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។

ជាការឆ្លើយតបឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងសន្យាថា នឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេស ជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់របស់ភាគីកម្ពុជា និងគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការបោសសំអាតសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីឫសគល់ហើយបន្តគាំទ្រកម្ពុជា ឱ្យរក្សាបានស្ថិរភាព និងការអភិវឌ្ឍ ឈានទៅភាពរុងរឿង និងការស្តាឡើងវិញដូចពេលមុន ដោយសន្យាជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនរបស់ខ្លួន មកវិនិយោគនៅកម្ពុជា បន្ថែមទៀត រួមទាំងខេត្តប៉ៃលិនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន 












Previous Post Next Post