ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។ 

នៅចំពោះមុខលោកជំទាវ កែ សួនសុភី ស សុខា ជាភរិយា ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ពិសេសវីរយុទ្ធជនជួរមុខ ទាំងកងទ័ព និងនគរបាល គឺស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ទាំងការផ្ដល់កម្លាំងចិត្ត ការទទួលរាប់រងដោះស្រាយបន្ទុកគ្រួសារ ក្នុងពេលបុរសជាស្វាមី ត្រូវបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ដែលពេលខ្លះ ស្ទើរតែពុំមានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ។ 

ឆ្នាំនេះ ពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ”។ សម្រាប់ក្រសួងមហាផ្ទៃ ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ប្រមាណ៧០០រូប។  

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត ដែលកំណត់យកប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។ ប្រធានបទនេះ មានភាពប្រទាក់ក្រឡាគ្នាជាមួយប្រធានបទសកល និងស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា ដោយសន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍជាតិនិងការធានាសុខុមាលភាពរបស់សង្គម និងគ្រួសារ។ 

ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គុណតម្លៃរបស់ស្ត្រី គឺជាគុណដែលមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបានឡើយ ដោយស្ត្រីបានលះបង់គ្រប់បែបយ៉ាង តាំងពីកម្លាំងកាយចិត្ត រហូតដល់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជ្រោមជ្រែងគ្រួសារ និងសង្គមជាតិ ដោយមិនគិតពីការនឿយហត់។ ក្នុងនោះប្រសិនបើយើងយកតម្លៃនៃទឹកប្រាក់ ឬទ្រព្យសម្បត្តិមហាសាលណាមួយមកប្រៀបធៀប ក៏មិនអាចស្មើនឹងគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ស្ត្រីបានដែរ ព្រោះការលះបង់របស់ស្រ្តី គឺកើតចេញពីសេចក្ដីស្រឡាញ់ និងការទទួលខុសត្រូវដែលគ្មានអ្វីអាចមកជំនួសបានឡើយ។ 

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន គប្បីបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្រ្តី ដែលកំពុងបំពេញការងារ ឱ្យកាន់តែមានឱកាសទូលំទូលាយក្នុងការបញ្ចេញសមត្ថភាព និងចំណេះដឹង និងត្រូវបន្តផ្តល់អាទិភាពដល់ស្ត្រី ក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្តក្នុងវិស័យសាធារណៈ ព្រោះការផ្តល់តម្លៃដល់ស្ត្រី មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយបរិយាបន្ន និងចីរភាព។ 

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដឹកនាំសកម្មភាពមនុស្សធម៌យ៉ាងសកម្ម តាមរយៈកាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA និងសមាគមកាយឫទ្ធិនារីកម្ពុជា។ ជាពិសេស ក្នុងកាលៈទេសៈដ៏លំបាកនៃជម្លោះព្រំដែន លោកជំទាវបណ្ឌិត តែងតែនៅក្បែរ និងជួយសម្រួលទុក្ខលំបាក ក៏ដូចជាគាំពារសុខុមាលភាពជូនប្រជាពលរដ្ឋរងគ្រោះ និងជនភៀសសឹក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកជំទាវ កែ សួនសុភី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម។ ក្រៅពីភារកិច្ចស្នូល ក្រុមការងារបាន ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ដូចជាការចុះសួរសុខទុក្ខមន្ត្រីដែលមានទុក្ខលំបាក និងការផ្តល់ជំនួយឧបត្ថម្ភដល់កងកម្លាំងជួរមុខការពារបូរណភាពទឹកដី ព្រមទាំងយុវតីរងគ្រោះក្នុងកាលៈទេសៈចាំបាច់នានា ប្រកបដោយឆន្ទៈមោះមុតបំផុត៕ 




















































Previous Post Next Post