ពន្ធនាគារខេត្តស្ទឹងត្រែង ប្រកាសបដិសេធចំពោះការចុះផ្សាយរបស់គណនី VOK TV ថា លោក លឹម វាសនា ជំរិតទារប្រាក់អ្នកជាប់ឃុំ ពី ៤ ទៅ ៧ពាន់ដុល្លារ

ស្ទឹងត្រែង ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ពន្ធនាគារខេត្តស្ទឹងត្រែង បានចេញលិខិតបំភ្លឺចំពោះករណីគណនីឈ្មោះ VOK TV ដែលចុះផ្សាយថា “លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង រួមនិងបក្ខពួក រងការចោទប្រកាន់ថា បានជំរិតទារ ប្រាក់ពីជនជាប់ឃុំ ចាប់ពី ៤ពាន់ដុល្លារ ទៅ ៧ពាន់ដុល្លារ ក្នុង ១បន្ទប់ ជាថ្នូរនឹងការអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទដៃ សូមឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេតករណីខាងលើនេះផង?”

ឆ្លើយតបទៅនឹងការចេញផ្សាយរបស់គណនីឈ្មោះ VOK TV ខាងលើ អង្គភាពពន្ធនាគារ ខេត្តស្ទឹងត្រែង បានធ្វើការបំភ្លឺថា អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង តែងតែអនុវត្តតាមច្បាប់ស្តីពីពន្ធនាគារ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ យ៉ាងខ្ជាប់ខ្ជួន ដោយធ្វើការឆែកឆេរនៅគ្រប់អគារឃុំខ្លួនរបស់ជនជាប់ឃុំ ដើម្បីស្រាវជ្រាវរកវត្ថុហាមឃាត់ និងទូរស័ព្ទដៃ ចល័តនៅក្នុងអាគារឃុំនីមួយៗ ជាប្រចាំ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ការលួចនាំចូលវត្ថុហាមឃាត់ ឬទូរស័ព្ទដៃចល័ត ចូលក្នុងពន្ធនាគារ។ 

តាមលិខិតបំភ្លឺដដែល ពន្ធនាគារខេត្តស្ទឹងត្រែង បានបន្តថា ដោយសារនៅពេលដែលពន្ធនាគារ បានអនុវត្តគោលការណ៍ច្បាប់តឹងរ៉ឹងបែបនេះ ជាហេតុធ្វើឱ្យជនជាប់ឃុំមួយចំនួន មិនពេញចិត្តចំពោះអង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង ទើបធ្វើការដាក់បន្ទុក ចុះផ្សាយមកលើអង្គភាពពន្ធនាគារបែបនេះ។

លិខិតបំភ្លឺដដែល បានបន្តទៀតថា អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង សូមធ្វើការបដិសេធចំពោះការចុះផ្សាយខាងលើ ដោយពន្ធនាគារខេត្តស្ទឹងត្រែង ពុំដែលបានចេញសេចក្តីសម្រេចណាមួយ ឱ្យយកសេវាប្រើប្រាស់ទូរស័ព្ទដៃចល័តនៅក្នុងពន្ធនាគារឡើយ មានតែធ្វើការហាមឃាត់ និងស្រាវជ្រាវចំពោះជនជាប់ឃុំលួចលាក់ប្រើប្រាស់ទូរស័ព្ទដៃចល័តក្នុងពន្ធនាគារ។ ក្នុងករណីរកឃើញការល្មើសនឹងបទបញ្ជាផ្ទៃក្នុង ពន្ធនាគារ អង្គភាពពន្ធនាគារ នឹងធ្វើដាក់វិន័យចំពោះដល់ជនជាប់ឃុំ ដែលលួចលាក់ប្រើប្រាស់ទូរសព្ទដៃចល័តនោះផងដែរ។ បច្ចុប្បន្ន អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង កំពុងតាមដាន និងធ្វើការស្រាវជ្រាវចំពោះករណីនេះ ដោយបានរកឃើញរបស់ហាមឃាត់មួយចំនួន និងកំពុងស្វែងរកអ្នកដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសបន្ថែមទៀត ដើម្បីអនុវត្តតាមច្បាប់៕






Previous Post Next Post