ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់ថា តាមរយៈការទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាត Online Scams មានជនបរទេស ជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយមានប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញកម្ពុជា។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ប្រារព្ធធ្វើនៅសាលមហោស្រពកោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជាក់ជូនដល់អង្គពិធីថា តាមរយៈការបង្ការ ទប់ស្កាត់ ហើយចុះបង្ក្រាបបោសសម្អាត Online Scams នេះ មកដល់ម៉ោងនេះ យើងមានជាង ២១ម៉ឺននាក់ បានចាក់ចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ»។
ទន្ទឹមនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណដល់បណ្ដាអង្គទូតនានា ក្នុងការជួយសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកជនសាម៉ីរបស់ខ្លួន យកទៅប្រទេសដើមវិញ។
សូមបញ្ជាក់ជូនថា ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕


















.jpg)

























.jpg)



