រដ្ឋបាលខេត្តពោធិ៍សាត់ ឆ្លើយតប ៦ចំណុច ចំពោះគណនី CCZ ចុះផ្សាយថា “យុវជនតំបន់ថ្មដា ដកបន្លាលួសការពារដីខ្មែរ បែរជាត្រូវមន្ត្រី ហៅអប់រំ”

ពោធិ៍សាត់ ៖ បន្ទាប់ពីមានការចុះផ្សាយរបស់គណនីឈ្មោះ CCZ ថា “ស្នេហាជាតិ ជាកំហុសឬ? យុវជន តំបន់ថ្មដា ដកបន្លាលួសការពារដីខ្មែរ បែរជាត្រូវមន្ត្រី ហៅអប់រំ” កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នោះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅកាន់ម្ចាស់គណនី CCZ ចំនួន ៦ចំណុច ដូចខាងក្រោម៖

ទី១. ប៉ុន្មានថ្ងៃមុននេះ នៅទីតាំងផ្លូវបំបែកទៅខេត្តកោះកុង ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិតជាមានភាគីថៃ បានរាយបន្លាលួសប្រាកដមែន។

ទី២. ដោយប្រកាន់ភ្ជាប់នូវ គោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី សមត្ថកិច្ចរបស់ភាគីកម្ពុជា បានធ្វើការជួបពិភាក្សាជាមួយសមត្ថកិច្ចរបស់ភាគីថៃ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីរកដំណោះស្រាយ ហើយជាលទ្ធផលសមត្ថកិច្ចរបស់ភាគីថៃ យល់ព្រម នឹងរុះរើបន្លាលួសនោះចេញវិញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

ទី៣. ស្របពេលដែលសមត្ថកិច្ចរបស់ភាគីថៃរៀបចំចាត់ចែងក្នុងការរុះរើស្របតាមស្មារតីនៃការពិភាក្សាខាងលើ ក៏មានពួកយុវជនមកធ្វើការរុះរើ ដែលមានចរិតជាការសម្តែងយករូបភាពផ្សព្វផ្សាយមួយភ្លែត ក្នុងគោលដៅណាមួយតែប៉ុណ្ណោះ។

ទី៤. ក្នុងស្មារតីប្រកាន់ភ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាជ្ញាធរមូលដ្ឋានកម្ពុជា យើងមានការព្រួយបារម្ភនូវសកម្មភាពដែលឆ្គាំឆ្គងរបស់យុវជនទាំងនោះ ដោយហេតុថាកិច្ចការងារនេះ នៅតែដំណើរការអនុវត្តជាក់ស្តែងតែប៉ុណ្ណោះ ព្រោះសមត្ថកិច្ចរបស់ភាគីកម្ពុជាយើង បានជួបធ្វើការងារជាមួយសមត្ថកិច្ចរបស់ភាគីថៃរួចរាល់ហើយ។

ទី៥. ទោះជាយ៉ាងណាអាជ្ញាធរមូលដ្ឋាន នៅតែមានការកោតសរសើរចំពោះសកម្មភាពស្នេហាជាតិមាតុភូមិរបស់ប្រជាពលរដ្ឋកម្ពុជាយើង ប៉ុន្តែពុំត្រូវបញ្ចេញសកម្មភាពក្នុងកាយវិការណាមួយដែលតាំងខ្លួនជា តួឯក ហើយអាចក្លាយជាកម្លាំងចលករក្នុងការបង្កើនកម្ដៅនៃជម្លោះព្រំដែននោះទេ។

ទី៦. រដ្ឋបាលខេត្តពោធិ៍សាត់ពិតជាមានការសោកស្តាយចំពោះសកម្មភាពរបស់ប្អូនៗយុវជន ដែលចង់បង្ហាញពីទឹកចិត្តស្នេហាជាតិហួសហេតុ និងខុសពេលវេលា៕





Previous Post Next Post