អាជ្ញាធរក្រុងតាខ្មៅ ដាក់បម្រាម ៤ចំណុច និងទុកពេល ១៥ថ្ងៃ ឱ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវ ក្នុងសង្កាត់ដើមមៀន រុះរើទៅលក់ក្នុងផ្សារតាខ្មៅថ្មី

កណ្តាល ៖ តាមរយៈលិខិតជូនដំណឹងចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលក្រុងតាខ្មៅ បានសំណូមពរ និងដាក់បម្រាម ៤ចំណុច ចំពោះម្ចាស់អាជីវកម្ម និងសេវាកម្មគ្រប់ប្រភេទ ព្រមទាំងអាជីវករ លក់ដូអ្នកលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ តាមបណ្តោយផ្លូវជាតិលេខ២ ផ្លូវលេខ១០២ និងផ្លូវនានា ក្នុងភូមិសាស្ត្រភូមិដើមមៀន ភូមិដើមមៀន ១ និងភូមិដើមគរ នៃសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដូចខាងក្រោម៖

ទី១. មិនអនុញ្ញាតឱ្យបងប្អូនអាជីវករគ្រប់ប្រភេទ ដាក់តាំងលក់ដូរលើផ្លូវនិងនៅលើចិញ្ចើមផ្លូវសាធារណៈ ពិសេសលើផ្លូវជាតិលេខ២ និងផ្លូវលេខ១០២ ទាំតពេលព្រឹក-ថ្ងៃ-យប់ ទៀតឡើយ។

ទី២. អាជីវករលក់ដូរគ្រប់ប្រភេទទាំងអស់ នៅលើផ្លូវជាតិលេខ២ និងផ្លូវលេខ១០២ សូមរើទៅលក់នៅក្នុងផ្សារតាខ្មៅថ្មី ដែលគណៈកម្មការ បានរៀបចំទីតាំងជូនរួចហើយជាស្រេច។

ទី៣. ចំពោះអ្នកគ្រប់គ្រងផ្សារ ភាស៊ីផ្សារ និងបងប្អូនអាជីវករ លក់ដូរ នៅតាមបណ្តោយផ្លូវ ដែលក្រុមការងារ បានកំណត់ជូន ត្រូវសំអាត ដូចជា៖ បញ្ហាសំរាម អនាម័យ និងរក្សាសណ្តាប់ ធ្នាប់ចរាចរណ៍ ឱ្យអ្នកធ្វើដំណើរបានដោយរលូន មិនបង្កការកកស្ទះចរាចរណ៍។

ទី៤. រដ្ឋបាលក្រុងតាខ្មៅ ទុករយៈពេលឱ្យបងប្អូនអាជីវករ លក់ដូរ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវលេខ១០២ ត្រឹមចំនួន១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៦ ជាកំហិត។

ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ការរៀបចំ និងការដាក់បម្រាមនេះ ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក៏ដូចជាការសម្រួលចរាចរណ៍ កុំឱ្យកកស្ទះតាមដងផ្លូវ។ 

ក្នុងសេចក្តីជូនដំណឹងដដែល ក្នុងករណីម្ចាស់អាជីវកម្ម និងសេវាកម្មគ្រប់ប្រភេទ ព្រមទាំងអាជីវករ លក់ដូរ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងតាខ្មៅ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូន រដ្ឋបាលក្រុងតាខ្មៅ មិនទទួល ខុសត្រូវឡើយ៕

អត្ថបទ ៖ វណ្ណៈអារុណ





Previous Post Next Post