ឯកឧត្តម អ៊ុន ចាន់ដា ៖ ខេត្តកំពង់ចាម មានសាសនា ៤ កំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថានៅក្នុងខេត្តកំពង់ចាម មានសាសនា ចំនួន ៤ គឺ៖ ពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើតឡើងឡើយ។ 

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន នៅភូមិព្រែកបាក់ ស្រុកស្ទឹងត្រង់ ក្រោមវត្តមានឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដានអភិបាលខេត្តកំពង់ចាម ក៏បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃស្វាហាប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តែងតែយកចិត្តទុកដាក់ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ការពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយ ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការ សាសនា ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ 

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សាសនាទាំង៤ ខាងលើនេះ ពុំដែលមានអធិករណ៍អន្តរសាសនាកើតឡើងឡើយ ហើយនេះពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរក្រោមម្លប់សន្តិភាពជាតិ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ខេត្តកំពង់ចាម មានសហគមខ្មែរឥស្លាម រស់នៅគឺមាន ៩ក្រុង-ស្រុក មានភូមិ ចំនួន ៣១ភូមិ មានវិហារ ចំនួន ៣២វិហារ មានសាលារៀនសាសនា ចំនួន ៤០សាលា។ មានគ្រួសារប្រមាណ ចំនួន ៩.១០០គ្រួសារ មានប្រជាជនសរុបប្រមាណចំនួន ៣៣.៨០០នាក់ ស្ត្រីប្រមាណ ចំនួន ១៧.៩០០នាក់ មានគ្រូបង្រៀន ចំនួន ២០៩នាក់ ស្ត្រីចំនួន ៤៩នាក់ ក្នុង នោះមានគ្រូបង្រៀនក្របខ័ណ្ឌ ចំនួន ៧៦នាក់ ស្ត្រីចំនួន ១៦នាក់។ ដោយឡែកនៅភូមិព្រែកបាក់ មានគ្រួសារ ចំនួន ៨៧៣គ្រួសារ មានប្រជាជនសរុប ចំនួន ៣.០៨៩នាក់ ស្ត្រីចំនួន ១.៥៣៦នាក់៕























Previous Post Next Post