គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវ ៧ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ចំនួន ៧ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖

ទី១. កុំបើកបរលើសល្បឿនកំណត់។ ត្រូវបន្ថយល្បឿននៅទីកន្លែងប្រជុំជន ផ្សារ សាលារៀន វត្តអារាម។ល។

ទី២. សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។

ទី៣. ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញា ផ្លាកសញ្ញា និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។

ទី៤. ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។

ទី៥. ត្រូវបើកបរតាមទិសចរាចរណ៍នៅផ្លូវឯកទិស ដោយមិនត្រូវបើកបរបញ្ច្រាស់ទិសចរាចរណ៍។

ទី៦. ត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសយានយន្ត ជាពិសេសសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត មុននឹងចេញដំណើរ។

ទី៧. ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមទោចក្រយានយន្ត និងពាក់ខ្សែក្រវាត់សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្ត៕








Previous Post Next Post