រដ្ឋបាលស្រុកស៊ីធរកណ្តាល ចេញសេចក្តីណែនាំ ៦ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ខាងមុខនេះ

ព្រៃវែង ៖ ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលស្រុកស៊ីធរកណ្តាល បានចេញសេចក្តីណែនាំ ៦ចំណុច ដល់បញ្ជាការដ្ឋានកងកម្លាំងទាំងបី ការិយាល័យ អង្គភាព រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលឃុំ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន និងសាធារណជនទាំងអស់ ក្នុងស្រុកស៊ីធរកណ្តាល ដូចខាងក្រោម៖

ទី១. ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬការបង្កសម្លេងផ្ទុះគ្រប់ប្រភេទ និងមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីណាមួយ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ទី២. នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា តាមបណ្តារអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជននិងគេហដ្ឋាន ត្រូវរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រានចរន្តអគ្គិសនី ដែលអាច បង្ករឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

ទី៣. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងស្រុកស៊ីធរកណ្តាល។

ទី៤. បន្តជំរុញអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មផុលផុស ជាពិសេសការអប់រំលើកកម្ពស់ការយល់ដឹងលើបញ្ហាគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង គ្រប់ប្រភេទ និងសុវត្ថិភាពចរាចរណ៍។

ទី៥. អង្គភាពជុំវិញរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង១១ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំង ក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំ នេះ ឱ្យមានប្រសិទ្ធភាព។

ទី៦. ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសដោយមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌស្របតាមច្បាប់ជាធរមាន៕









Previous Post Next Post