ភ្នំពេញ ៖ គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើង ចំនួន ៨២ករណី និងឃាត់ខ្លួនជនបង្ក បាន ៣០២នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ក្រុមក្មេងទំនើង ដែលបង្ក្រាបបាន ភាគច្រើនបំផុត ត្រូវបានសមត្ថកិច្ច អនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ សមត្ថកិច្ចនគរបាល ក៏បានបញ្ជូនពួកគេ ជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារ។
ដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូច ដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ច បានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
បើតាមរបាយការណ៍ដដែល សកម្មភាពបង្ក្រាបក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។
គួរកត់សម្គាល់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបាន មិនលើសពី ៤៨ម៉ោង រាល់ក្រុមក្មេងទំនើង ដែលបង្កហេតុ ឬរត់គេចខ្លួន។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ក្នុងន័យប្រដូចថា សូម្បីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែសមត្ថកិច្ចយើង អាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះត្រឹមក្មេងទំនើង ឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន៕
អត្ថបទ ៖ លោក សេង បូលីន



.jpg)
.jpg)
.jpg)
.jpg)
