ក្រសួងមហាផ្ទៃ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ ដែលចាប់ផ្តើមដំណើរការពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋ បានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ច និងសកម្មភាព របស់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគីពាក់ព័ន្ធ ក្រសួងមហាផ្ទៃ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ ជូនសាធារណជន ទូទៅ ហៅជាភាសាអង់គ្លេស “Complaint Submission System (CSS)” ដោយកំណត់តំណភ្ជាប់ចូលទៅកាន់គេហទំព័រ https://css-gdin.interior.gov.kh/home។

ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា សាធារណជន អាចដាក់ពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ តាមតំណរភ្ជាប់ខាងលើដោយបំពេញព័ត៌មានតាមទម្រង់ ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារ សម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្តឹងរបស់ខ្លួន៕ 





Previous Post Next Post