សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូបារាំង នៅកម្ពុជា គឺជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងកម្ពុជានិងបារាំង កាន់តែរីកចម្រើន

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេច បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូ គឺជាផ្នែកដ៏សំខាន់នៃការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងបារាំង ឱ្យកាន់តែរីកចម្រើន និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជា និងបារាំង ឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ បានចាត់ទុកបារាំង គឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។

ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តម បានសរសើរចំពោះសម្ដេចតេជោ នៅពេលនៅជានាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ 

ឯកឧត្តម បានមានប្រសាសន៍ថា កន្លងមកបារាំង ក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ទំនាក់ទំនងកម្ពុជា និងបារាំង មានភាពល្អប្រសើរ ឯកឧត្តម ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាពេលនេះ ក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ និងត្រៀមទទួលឯកឧត្តមប្រធានាអធិបតីបារាំង នៅពេលខាងមុខផងដែរ។

សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម Thomas Lam ដែលបានសរសើរចំពោះបទពិសោធ ក្រោមការដឹកនាំរបស់សម្ដេចនាពេលកន្លងទៅ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងមកកាន់ប្រទេសកម្ពុជា នៅពេលខាងមុខនោះ ដែលជាចំណុចដ៏សំខាន់ នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំងបន្ថែមទៀត។ កន្លងទៅនេះ សម្ដេច និងឯកឧត្តម អេម៉ានូអែលម៉ាក្រុង ប្រធានាធិបតីបារាំង គឺជាមិត្តដ៏ជិតស្និតជាមួយគ្នា ដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ សម្ដេច ក៏បានរំលេចអំពីតួនាទីរបស់បារាំង ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុនសែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ ជាមួយគ្នានោះបារាំង ក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរ ដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍នានា។ សម្ដេចតេជោ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយសម្ដេចតេជោជំរុញឱ្យភាគីទាំងពីរកម្ពុជា និងបារាំង បន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដោយសម្ដេចតេជោ ចាត់ទុកថា ចំណុចទាំងអស់នេះ ជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដោយសម្ដេច ចង់ឃើញអ្នកវិនិយោគបារាំង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ 

ឯកឧត្តម Thomas Lam បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង ហើយឯកឧត្តមក៏បានរំលេចថា ឯកឧត្តមផ្ទាល់ និងប្រតិភូ នឹងខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ហើយឯកឧត្តម បានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង និងកម្ពុជា ជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជា។ 

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម Thomas Lam និងប្រតិភូឱ្យបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕









Previous Post Next Post