បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង តាមរយៈសេចក្តីណែនាំស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ក្នុងខេត្តបាត់ដំបង បានធ្វើការណែនាំ ៣ចំណុច ដល់បណ្តាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកទាំង១៤ គ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសាធារណជន ទូទាំងខេត្តបាត់ដំបង ដូចខាងក្រោម៖
ទី១. ហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬការបង្កជាសម្លេងរំខាន ព្រមទាំងការលេងល្បែងស៊ីសងគ្រប់រូបភាព។
ទី២. តាមបណ្តាគ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស ក្រុមហ៊ុន លំនៅឋាន និងគ្រប់ទីកន្លែង កំសាន្តនានា ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការអុជធូបទៀន ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ទី៣. រដ្ឋបាលក្រុង-ស្រុកទាំង១៤ និងមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាព៕




