អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញចេញជនបរទេស ចំនួន ៣៧២នាក់ទៀត ចេញ​ពី​កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​ សរុបចំនួន ៣៧២នាក់ (ស្រី ៥៤នាក់) មាន ១៨សញ្ជាតិ រួមមាន៖ ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា អេហ្ស៊ីប អេតូ្យពី ហ្គាណា យ៉ូហ្គង់ដា ហ្វីលីពីន ប្រេស៊ីល ន័រវែស អាហ្វ្រិកខាងត្បួង និងចិនតៃវ៉ាន់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះ ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕












Previous Post Next Post