ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងរីករាយដែលបានជួបជាមួយឯកឧត្តមអគ្គមេបញ្ជាការជាថ្មីម្តងទៀត។ សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធនិងការកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។
ពាក់ព័ន្ធនឹងសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូនូវការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។ បន្ថែមលើនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។
ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងថា ហ្វីលីពីន បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ៕



.jpg)


.jpg)

