ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការវិនិយោគលើមូលធនមនុស្ស ជាយុទ្ធសាស្ត្រគន្លឹះដើម្បីភាពធន់របស់កម្ពុជា ក្នុងយុគសម័យ AI

ភ្នំពេញ ៖ ក្នុងបរិបទដែលពិភពលោក កំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាទី១ ក្រោមប្រធានបទ "អភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ននិងភាពធន់" នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយដ៏សំខាន់នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ ក្រោមប្រធានបទរួម "គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់"។

ក្នុងអង្គវេទិកា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដឹកនាំការពិភាក្សាលើបទបង្ហាញយុទ្ធសាស្ត្រ ចំនួន ៥ រួមមាន៖ (១)ការអប់រំកុមារតូច៖ ការរៀបចំគ្រឹះស្ថានសិក្សាឱ្យស្របតាម "គន្លងអប់រំថ្មី" (២)ការគ្រប់គ្រងលទ្ធផលសិក្សា ៖ ពង្រឹងយន្តការតាមដាន និងវាយតម្លៃការរៀនរបស់សិស្សបឋមសិក្សា (៣)ការលើកកម្ពស់គុណភាពសិស្ស ៖ យុទ្ធសាស្ត្របង្កើនសមត្ថភាពសិស្សមធ្យមសិក្សា (៤)កំណែទម្រង់គ្រូបង្រៀន ៖ ការធ្វើវិក្រឹតការ និងបណ្ដុះបណ្ដាលគ្រូឱ្យទាន់សម័យកាល និង(៥)ការអនុវត្តគន្លងអប់រំថ្មី៖ ការសាកល្បង និងការតម្រង់ទិសវិជ្ជាជីវៈដល់យុវជន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ និងការវិភាគយ៉ាងស៊ីជម្រៅលើទិដ្ឋភាពនយោបាយ និងសង្គម ដូចខាងក្រោម៖

ទី១. ការវិនិយោគលើមនុស្សជាខែលការពារជាតិ ៖ ឯកឧត្តម បានលើកឡើងថា ក្នុងស្ថានភាពដែលពិភពលោក មានការប្រកួតប្រជែងអំណាច និងសង្គ្រាមពាណិជ្ជកម្ម ប្រសិនបើកម្ពុជា មិនមានទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ទេ យើងនឹងងាយរងគ្រោះ។ ដូចនេះ ការវិនិយោគលើធនធានមនុស្ស គឺជាអាទិភាពខ្ពស់បំផុត។

ទី២. មេរៀនពីស្ថានភាពព្រំដែន ៖ ឯកឧត្តម បានគូសបញ្ជាក់ថា ភាពប្រឈមនៅតាមព្រំដែន បានបង្រៀនយើងថា មានតែធនធានមនុស្ស ដែលមាន "ភាពធន់ និងបរិយាបន្ន" ទេ ទើបអាចរក្សាស្ថិរភាពសង្គម និងការប្រកួតប្រជែងបាន។

ទី៣. ការឆ្លើយតបនឹងបច្ចេកវិទ្យា AI ៖ បញ្ញាសិប្បនិម្មិត (AI) នឹងជះឥទ្ធិពលខ្លាំងលើវិស័យអប់រំ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ "ការអប់រំត្រូវតែឆ្លើយតបឱ្យចំគោលដៅ និងទាន់ពេលវេលាទៅលើការរីកចម្រើននៃបច្ចេកវិទ្យា AI នេះ ដើម្បីឱ្យយុវជនមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងក្នុងតំបន់"។

ទី៤. ស្មារតីស្នេហាជាតិ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះបុគ្គលិកអប់រំក្នុងខេត្តទាំង៧ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ដែលនៅតែបន្តខិតខំបំពេញភារកិច្ចបង្រៀនសិស្សានុសិស្ស ដែលនេះសបញ្ជាក់ពីស្មារតីឯកភាពជាតិ និងមនសិការខ្ពស់។

ជាទីបញ្ចប់ ឯកឧត្តម បានវាយតម្លៃខ្ពស់ថា កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវកម្រិតស្តង់ដាអប់រំ ដែលឆ្លើយតបនឹងតម្រូវការសកល៕






















Previous Post Next Post